ម្យ៉ាងវិញទៀត សៀវភៅនេះ គឺជាអាហារបំប៉នខួរក្បាលសម្រាប់ទន់ខ្សោយឱ្យក្លាយជាមនុស្សរឹងមាំ។ លោកបានមានប្រសាសន៍ថា «សាច់មាន់ ឬសាច់គោ អាចបំប៉នផ្លូវកាយ រីឯសៀវភៅអាចបំប៉នផ្លូវចិត្ត ផ្លូវអារម្មណ៍ជាប្រចាំថ្ងៃ។ មនុស្សម្នាក់ៗ តែងតែជួបភាពបរាជ័យ ប៉ុន្តែបរាជ័យខ្លះ ទោះជាមានលុយក៏មិនអាចទិញលក់បានដែរ។ បរាជ័យរបស់បុគ្គលម្នាក់ គឺជាមេរៀនដ៏មានតម្លៃរបស់បុគ្គលម្នាក់នោះ។»
លោកបញ្ជាក់ថា ការខ្លាចភាពបរាជ័យ នឹងនាំឱ្យបុគ្គលកាន់តែជួបភាពបរាជ័យទ្វេដង។ ប៉ុន្តែក្នុងសៀវភៅ «ឈ្នះខ្លួនឯង» បុគ្គលម្នាក់អាចជោគជ័យលើចិត្តខ្លួនឯងបាន ដោយការរតាំងចិត្តនិងមិនបោះបង់ការតាំងចិត្ត។ លោកបន្ថែមថា «ក្នុងចំណោមជនបរាជ័យជាច្រើនលាននាក់ ខ្ញុំគឺជាមនុស្សម្នាក់ ត្រូវរាប់បញ្ចូលក្នុងក្រុមជនបរាជ័យទាំងនោះ។» លោកសូផាតបាននិយាយថា អ្នកនិពន្ធតែងមានគំនិតផ្ទាល់ខ្លួន។ លោកជ្រើសរើសយកភាពរីករាយ ជាងស្រវាស្រទេញតែខាងទ្រព្យស្តុកស្តុម្ភ។ «ហេតុអ្វីខ្ញុំដោះឯកសណ្ឋានយោធា និងឯកទេសកងទ័ព មកស្លៀកសំលៀកបំពាក់អ្នកសារព័ត៌មាននិងក្លាយជាអ្នកនិពន្ធ? ថ្វីត្បិតថាកិត្តិយសមិនបានស៊ី តែកិត្តិយសធ្វើឱ្យខ្ញុំរីករាយសប្បាយចិត្តនិងមានសុភមង្គលក្នុងក្រុមគ្រួសារ។ ពេលខ្លះភាពសប្បាយរីករាយមិនអាចយកលុយទៅទិញនោះទេ។»
ក្រោយពីវិបត្តិរោគរាតត្បាត កូវីដ១៩ ព្រមទាំងការថមថយនៃកំណើនសេដ្ឋកិច្ច និងរួមរឹតដោយវិបត្តិបំណុល ពលរដ្ឋកម្ពុជាមួយចំនួនមានអារម្មណ៍តឹងតែងផ្លូវចិត្ត។ ហេតុនេះលោកសូផាតសូមឱ្យបុគ្គលទាំងនោះរកគន្ឆឹះដោះស្រាយវិបត្តិតាមរយៈអានសៀវភៅ។
តើធ្វើម៉េចអាចយកឈ្នះខ្លួនឯង? គឺដំបូងត្រូវតាំងចិត្តថា ត្រូវយកឈ្នះខ្លួនឯឱ្យយបាន។ តាំងចិត្តរួចហើយ ត្រូវអនុវត្តការតាំងចិត្តនោះ គេនឹងឃើញលទ្ធផលភ្លាមៗតែម្តង។ បើបរាជ័យ សូមបន្តការតាំងចិត្តដោយមិនបោះបង់ដោយអារម្មណ៍ស្ងប់ ពេលនោះប្រាជ្ញានឹងកើតមាន វិធីដោះស្រាយបញ្ហាតានតឹងផ្លូវចិត្តដោយងាយ។ «ពេលមនុស្សផ្តោតលើសៀវភៅ គេអាចផ្តាច់ខ្លួនពីររលកយក្សនៃបញ្ហាធំៗក្នុងជីវិតបាន។ គេអាចជ្រើសរើសយក ការធ្វើសមាធិ ក្នុងការកំចាត់បង់នូវអារម្មណ៍ស្មាញស្មុគ ដូចបានជម្រះចេញកែ្អលពីរាង្គកាយមុនចូលគេងដូច្នោះដែរ។
ខណៈកម្ពុជាកំពុងចាប់កំណើតនៃវប្បធម៌អានសៀវភៅ ប្រទេសថៃដែលជាប្រទេសជិតខាងជាប់លេខ២ខាងអានសៀវភៅក្នុងតំបត់អាស៊ី ប្រទេសឥណ្ឌា ជាប់លេខ១ក្នុងតំបន់អាស៊ី។ ក្នុងនាមជាអ្នកនិពន្ធ លោកសូផាត មានសុទិដ្ឋិនិយមចំពោះជំហររាជរដ្ឋាភិបាលដែលមានទំនោរជំរុញលើកស្ទួយវិស័យអំណាន និងការតែងនិពន្ធនៅកម្ពុជា។ លោកមានប្រសាសន៍ថា ដើម្បីជម្រុញវិស័យអបរំឱ្យដើរលឿនទៅមុខ ឪពុកនិងម្តាយគឺជាចលករចម្បងសម្រាប់ជំរុញកូនចៅ ជាជាងរង់ចាំសង្គមទាំងមូលក្នុងការជំរុញដំណើរវិវត្តវិស័យអបរំ។
លោក សូផាត យល់ឃើញថា «នៅពេលឪពុកម្តាយ មិនបានបំពេញតួនាទីជាអ្នកអប់រំកូនចៅ នោះពួកគេអាចដើរខុសកន្លងសីលធម៌ ក្រម ច្បាប់ និងទំនៀមទម្លាប់ល្អ ដែលបណ្តាលឱ្យកូនៗរអិលធ្លាក់ចូលក្នុងអបាយផ្សេងៗ ហើយអាចក្លាយជាក្មេងទំនើងដែលកាប់គ្នាលេងកំសាន្តតាមដងផ្លូវជាញឹកញាប់។» លោក សូផាតបន្ថែមថា «ករណីក្មេងកាប់គ្នាមិនត្រូវសួរនណាក្រៅពីសួរខ្លួនឯងទេ។ អំពើហឹង្សាតាមទីសាធារណៈ អាចកើតឡើងពីការបានឃើញអំពើហឹង្សាក្នុងគ្រួសារ៕
សូមទស្សនាកិច្ចសម្ភាសពិស្តារ #ភាគ២